សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រប្រកាសការសហការណ៍លើកម្មវិធីបាល់ទាត់សម្រាប់សហគមន៍ធំជាងគេបំផុតនៅកម្ពុជា

ភ្នំពេញ, 25/11/2017 dot  អាន 4 នាទី

រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ – ដោយ​មាន​ការ​ចូលរួម​យ៉ាង​ខ្ងៀវខ្ងារពី​កុមារា កុមារីប្រមាណ ១៣០០នាក់ នៅ​ក្នុង​កម្មវិធីបើក​ការ​ប្រកួត​បាល់​ទាត់​វិលជុំរដូវកាលថ្មីនេះ យើង​អាចដឹង​បាន​ថា​ការ​ប្រកួតនេះ​ គឺ​ជាការ​ប្រកួត​ដ៏អស្ចារ្យ។ ជា​រឿយៗ​យើង​អាច​នឹងមិនចាប់អារម្មណ៍​ថាកុមារចាំបាច់​ត្រូវ​មាន​សិទ្ធិ​ក្នុង​ការ​លេង​កំសាន្ត។ ​កុមារ​ទាំង​អស់​នេះ​មាន​ស្ថានភាព​ជីវភាពលំបាក ដែល​កំហិត​ការ​ទទួល​បាន​ការ​លេង​កំសាន្ត និងការ​លេង​កីឡារបស់​ពួក​គេ។​ សម្រាប់​ពួក​គេ កីឡាបាល់ទាត់គឺជាអំណោយ និង​ជីវិតសម្រាប់ពួក​គេ ដែលវាជំរុញ​ឲ្យ​មាន​ទំនាក់​ទំនង​កាន់តែ​ស្និទ្ធស្នាល​ក្នុង​សហគមន៍ ការអភិវឌ្ឍបំណិន​ជីវិត និងការ​​ផ្តល់​ជា​គំរូវិជ្ជមាន​ផងដែរ។

ទាំង​អស់​នេះ អាច​ដំណើរ​ការ​ទៅ​បាន​ដោយ​សារ​អង្គការ​ផ្កាយ​សមុទ្រ ដែល​ក្នុង​រយៈពេល ១១ឆ្នាំ​ចុង​ក្រោយ​នេះ អង្គការ​ផ្កាយ​សមុទ្រ​បាន​រៀបចំកម្មវិធីបាល់ទាត់​សម្រាប់​សហគមន៍ ដែលជួយ​ដល់​កុមារ​ក្រីក្រជិត ៤០០០នាក់ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គេ នៅ​ទូ​ទាំង​កម្ពុជា។ តាមរយៈកីឡាបាល់ទាត់ អង្គការផ្កាយសមុទ្រ  មានគោលបំណងអប់រំ លើកទឹកចិត្តដល់កុមារទាំងនោះ ដោយជួយអោយពួកគេមានទម្លាប់រស់នៅល្អ មានទំនុកចិត្តលើខ្លួនឯង និងជំរុញអោយពួកគេមានការស្វែងយល់បន្ថែមពីសង្គមដែលពួកគេរស់នៅ។

ការ​ប្រកួតវិលជុំប្រចាំឆ្នាំ ដែលជាផ្នែកមួយនៃកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ផ្តល់ការហ្វឹកហាត់ និងការប្រកួតសម្រាប់កុមារច្រើន​ជាងមួយពាន់​នាក់ជារៀងរាល់ឆ្នាំ ហើយ​ទទួល​បាន​ប្រជាប្រិយភាពកាន់តែខ្លាំង​ឡើងៗជាបន្តបន្ទាប់។ ការ​ប្រកួត​វិលជុំនេះ បែងចែកជា៦ផ្នែក ដែលមានក្មេងប្រុសស្រីអាយុក្រោម ១០ឆ្នាំ ក្រោម ១៤ឆ្នាំ និង ក្រោម១៨ឆ្នាំ ក្នុងនោះមានកីឡាករ​គថ្លង់ផងដែរ។ ក្តី​រំភើប​សប្បាយរីករាយចំពោះ​ការ​ប្រកួតនេះ បាន​បង្ហាញ​ត្រង់ថា​មាន​ក្រុមកុមារជាច្រើន បាន​ធ្វើ​ដំណើរ​រហូតដល់ទៅ ៣ម៉ោងទៅវិញទៅមក ដើម្បីចូលរួមការប្រកួតនេះ។ សម្រាប់​កុមារទាំងអស់នេះ ការ​ដែល​បាន​លេង​ក្នុង​ការ​ប្រកួត​វិលជុំ​នេះ គឺ​ជាឱកាសកម្រមួយដែល​អាច​​លេង​កីឡា​ដែល​មាន​លក្ខណៈប្រកួត​ប្រជែង និង​អាចអភិវឌ្ឍ​ជំនាញ​ចាំបាច់​មួយ​ចំនួន ដូចជា​ការ​ធ្វើ​ការ​ជា​ក្រុម ភាពជាអ្នកដឹកនាំ ការធ្វើ​ការ​សម្រេចចិត្ត និងភាពរឹងប៉ឹង​ជាដើម។

ចាប់ផ្តើមពីឆ្នាំ ២០១៧នេះ អង្គការ​ផ្កាយ​សមុទ្រ បានសហការណ៍​ជាមួយក្រុមហ៊ុន​ធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ដែល​បាន​ឧបត្ថម្ភដល់ការ​ប្រកួត​បាល់ទាត់​វិលជុំ AIA-ISF Youth League នេះ​សម្រាប់រយៈពេល​ ៣ឆ្នាំ ចំពោះ​កិច្ច​ខំ​ប្រឹងប្រែង​របស់​ខ្លួនដើម្បី​ជួយ​កុមារ និង​សហគមន៍ក្រីក្រ។ ថ្លែងក្នុងពិធីបើកការប្រកួតបាល់ទាត់វិលជុំ AIA-ISF Youth League ២០១៧/២០១៨ លោក Leo Brogan សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការផ្កាយសមុទ្របានមានប្រសាន៏ថា «យើងរីករាយខ្លាំងណាស់​ក្នុងការធ្វើការជាមួយ AIA ដែល​មាន​ឆន្ទៈក្នុង​ការ​គាំទ្រ​ និង​ជំរុញ​ឲ្យ​មាន​ការ​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ សម្រាប់​មនុស្ស​គ្រប់​រូប រួម​ទាំង​សហគមន៍ក្រី​ក្រ​ផងដែរ។ ជាមួយ​គ្នា យើង​នឹង​អាច​លើក​កំពស់​លទ្ធភាពនៃ​ការ​ប្រកួត​វិលជុំ​នេះ  និង​បង្កើន​គុណភាព​នៃ​កម្មវិធី​បាល់ទាត់​នានា​។”   លោក​បន្ថែម​ថា  “​យើង​កាន់តែ​សប្បាយរីករាយ​ថែម​ទៀត​ចំពោះ​

ទំនាក់​ទំនង​រវាង AIA ជាមួយ​នឹង​ក្លឹបបាល់​ទាត់ Tottenham Hotspur ដែល​ទំនាក់ទំនង​នេះ នឹង​នាំឲ្យ​មាន​កា​រអភិវឌ្ឍកាន់តែប្រសើរ​ចំពោះកុមារ​ទាំងឡាយ​ក្នុង​កម្មវិធី​បាល់​ទាត់​របស់​យើង។”

AIA Group Limited (“AIA”) គឺ​ជា​ដៃគូផ្លូវការរបស់ក្លឹប​បាល់ទាត់ Tottenham Hotspur (“Spurs”) ដែល​ជា​ក្រុមឈាន​មុខ​គេ​មួយក្នុង​ការ​ប្រកួតបាល់ទាត់ English Premier League។ អត្ថ​ប្រយោជន៍​មួយ​ក្នុង​ចំណោម​អត្ថប្រយោជន៍​ជា​ច្រើន​នៃ​ទំនាក់​ទំនង​នេះ គឺ​ថាគ្រូបង្វឹកបាល់ទាត់ពី​ក្រុម​នេះចំនួន​ពីររូប បោះទីតាំងនៅក្នុងតំបន់អាស៊ី ដើម្បី​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ ក្នុង​កម្មវិធីបង្ហាត់​បង្រៀន​ដល់​សហគមន៍របស់​ AIA។ គ្រូបង្វឹក​ទាំង​ពីរបាន​ចូល​រួម​ការ​កម្មវិធី​បើកការ​ប្រកួត​បាល់​ទាត់​វិលជុំ AIA-ISF Youth League ២០១៧/២០១៨ ហើយ​បាន​បង្ហាត់​បង្ហាញ​កុមារ​ទាំង​អស់ អំពី​យុទ្ធសាស្រ្តក្នុងការលេងបាល់ ព្រមទាំងបានចែកចាយការអំពីការ​រស់​នៅប្រកប​ដោយ​សុខភាព​ល្អ។ លោក Daniel Mitchell គ្រូបង្វឹករបស់​ក្លឹប Spurs បាន​និយាយថា “យើង​ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​ត្រូវ​បាន​អញ្ជើញ​មក​កម្ពុជា ដើម្បីបាន​ឃើញ​ថា​អង្គការ​ផ្កាយ​សមុទ្រ និង​ AIA បាន​ និង​កំពុង​បង្កើត​ឲ្យ​មាន​ក្តី​ស្រឡាញ់​ចំពោះ​កីឡា​បាល់ទាត់ សម្រាប់​កុមារ​នៅសហគមន៍​ក្រីក្រ។” លោក​ក៏បាន​បន្ថែមថា “ការ​ស្រឡាញ់​កីឡា​ពេញ​មួយ​ជីវិត គឺ​ចាប់​ផ្តើម​ពី​កុមារភាព ហើយ​វា​អាចផ្តល់​ជាផលវិជ្ជមានលើស​ពីការ​លេង​នៅ​ក្នុង​តារាង។”

លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​នេះ ហើយ​បាន​មាន​ប្រសាសន៍​ថា​ “តាម​រយៈការ​ផ្តល់​ឱកាស​ឲ្យកុមារ​ក្រី​ក្របាន​លេង​កីឡា​ដែល​មាន​លក្ខណៈប្រកួត​ប្រជែង នៅ​ក្នុង​បរិយាកាសមួយ​ដែល​មាន​សុវត្ថិភាព និងមាន​រចនាសម្ព័ន្ធ​ត្រឹម​ត្រូវ អង្គការ​ផ្កាយ​សមុទ្រ​កំពុង​តែ​ជួយ​ឲ្យ​ពួក​គេ​ក្លាយ​ទៅ​ជា​សមាជិក​សង្គម​ដែល​មាន​សុខភាព​ល្អ និងរាងកាយ​មាំមួន។​ នោះ​ពួក​គេ​នឹង​អាចបង្កើត​ជាផល​វិជ្ជមាន សម្រាប់​គ្រួសារ និង​សហគមន៍​របស់​គេ។” ចំពោះ​ការ​សហការណ៍រវាង AIA នឹងអង្គការ​ផ្កាយ​សមុទ្រ លោក​បាន​លើក​ឡើង​ថា “​ការ​ធ្វើ​ការ​ជាមួយ​អង្គការ​ផ្កាយ​សមុទ្រ គឺ​ជាកិច្ចសហការ​យ៉ាង​ត្រឹម​ត្រូវ​នឹង​ងាយ​ស្រួលមួយ ហើយ​យើង​អាច​ផ្តល់​ការ​គាំទ្រដល់​អង្គការ​នេះ​បាន​យ៉ាង​ល្អ។ យើងមិន​ត្រឹម​តែ​​មាន​គុណ​តម្លៃ​ដូច​គ្នា ដែលផ្តោត​លើ​តម្រូវ​ការ​របស់​បុគ្គលទាំង​ឡាយព្រមទាំង​ក្រុម​គ្រួសាររបស់​គេ​នោះ​ទេ យើង​ទាំង​ពីរ​ថែម​ទាំង​មាន​ការ​ប្តេជ្ញាចិត្ត​ជំរុញ​ឲ្យ​មានការអភិវឌ្ឍសង្គម​ក្នុងរយៈពេល​វែង​នៅ​កម្ពុជា​ថែម​ទៀត​ផង។”

កម្មវិធីបើក​ការ​ប្រកួត​បាល់​ទាត់​វិល​ជុំ AIA-ISF Youth League ២០១៧/២០១៨ បាន​ប្រារព្វ​ឡើង​នៅ​ថ្ងៃទី ២៦ វិច្ឆិកា ដោយក្នុង​ថ្ងៃនេះ​ផ្ទាល់ មាន​ការ​ប្រកួត​មិត្តភាព​ចំនួន ១៩៤​ប្រកួត ពី​ក្រុម​បាល់​ទាត់​ចំនួន ១០០ក្រុម។ ការ​ប្រកួត​បាល់​ទាត់​វិល​ជុំ​នេះ ធ្វើ​ឡើង​រៀង​រាល់​សប្តាហ៍​នៅ​កីឡដ្ឋានរបស់​អង្គការ​ផ្កាយ​សមុទ្រ ក្នុង​ទី​ក្រុង​ភ្នំពេញ។

អំពី អេ អាយ អេ ខេមបូឌា

 

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធដែល​ជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៨ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ១៨៥ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង ៣០​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​ ១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ដែល​​ត្រូវ​គ្នា​នឹង​តម្រូវ​ការសម្រាប់​​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង ដែល​កំពុង​តែ​កើន​ឡើងរបស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង។

 

អំពី អង្គការផ្កាយ​សមុទ្រ

 

អង្គការផ្កាយសមុទ្រ គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលជឿជាក់ថាក្មេងៗគ្រប់រូបមានសិទ្ធិក្នុងការទទួលនូវការអប់រំ ការថែទាំសុខភាព និងការលេងកំសាន្តដូចក្មេងដទៃទៀតដែរ។ អង្គការផ្កាយសមុទ្រ ផ្តល់ឱកាសសម្រាប់ការអប់រំ ការថែទាំសុខភាព និងឱកាសក្នុងការលេងកីឡាទៅកាន់ ក្មេងៗ ដែលពួកគាត់មកពីគ្រួសារក្រីក្រក្នុងប្រទេសកម្ពុជា។ លើសពីនេះ អង្គការបានផ្គត់ផ្គង់ដល់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់ផងដែរ ដែលជំនួយនេះស្ថិតក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ ហើយជាការផ្គត់ផ្គង់ដ៏សំខាន់ក្នុងការជួយពួកគាត់ឲ្យគេចផុតពីរង្វង់នៃភាពក្រីក្រដែល​ពួកគាត់កំពុងជួបប្រទះ។

អង្គការផ្កាយសមុទ្របានចាប់ផ្តើមឡើងដោយផ្តល់ឱកាសក្នុងការអប់រំដល់សិស្សចំនួន ១៨ នាក់ក្នុងឆ្នាំ២០០៦ ហើយកើនឡើងរហូតទៅដល់ ៦៨០នាក់ ក្នុងឆ្នាំ២០១៧។ គម្រោងរបស់ពួកយើងគឺទទួលសិស្សថ្មីចំនួន ១០០ នាក់ជារៀងរាល់ឆ្នាំក្នុងកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ។ តាមរយៈជំនួយផ្សេងៗដល់ក្រុមគ្រួសារក្មេងៗដែលអង្គការផ្កាយសមុទ្រធ្វើការជាមួយ គឺស្ទើរតែ ៣០០០នាក់ដែលទទួលបានការផ្គត់ផ្គង់ពីអង្គការ។

អង្គការផ្កាយសមុទ្រទទួលបានការគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់វិស័យកីឡាបាល់ទាត់ថ្នាក់មូល-ដ្ឋាន ដល់ក្មេងៗក្រីក្រនៅប្រទេសកម្ពុជា។ កម្មវិធីបាល់ទាត់នេះផងដែ របានចាប់ផ្តើមឡើងពីក្មេងស្រី ក្មេងប្រុសចំនួន ៥០នាក់ក្នុងឆ្នាំ២០០៦ ហើយកើនឡើងប្រមាណ ៤០០០នាក់ដែលរួមមានកុមារអន់សតិបញ្ញា កុមារគថ្លង់ កុមារពិការភ្នែក កុមារមានផ្ទុកមេរោគអេដស៍ និងយុរជនពិការលើរទេះក្នុងឆ្នាំ២០១៧។

 

អំពីក្លឹបបាល់ទាត់ Tottenham Hotspur

 

ក្លឹបបាល់ទាត់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨២ ដែលផ្តោតសំខាន់ទៅលើបែបផែន​នៃការលេងបាល់ទាត់បែបកំសាន្ត និងបែបប្រយុទ្ធ។ ក្រុមបាល់ទាត់នេះ បានទទួលចំណាត់ថ្នាក់លេខ២ នៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាល 2016/2017 និងមានកីឡាករចម្រុះជាតិសាសន៍ជាច្រើន។ ក្រុមបាល់ទាត់ Tottenham Hotspur ក៏​មាន

·         អ្នកគាំទ្រលើសពី ៤០០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ចិន អាស៊ី និងអាហ្វ្រិកខាងត្បូង ដែលមានរួមទាំងក្លឹបអ្នកគាំទ្រច្រើនជាង ១៥០ នៅទូទាំងពិភពលោក។

·         មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយពហុកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីកំពុងសាងសង់ នៅចំកណ្តាល បេះដូងនៃទីក្រុងឡុងដ៍ខាងជើង។

មូលនិធិដែលទទួលបានពានរង្វាន់ ហើយបានបង្កើតឱកាសចំនួន ២,៥ លាន ក្នុង​ការ​ជួយលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានតាមរយៈការអប់រំ ការងារ សុខភាព និង ការងារសង្គមផ្សេងទៀត។

ទំនាក់ទំនងសារព័ត៌មាន

 

ហាក់ បញ្ញារ័ត្ន                                                                   

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ                                            

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com

 

ជួប វិច្ឆិកា

ប្រធានអង្គការ​ផ្កាយសមុទ្រ

០២៣ ៤២៤ ២៣៦

cv@indochinastarfish.org