សេចក្តីប្រកាសសារព័ត៌មាន

AIA ទទួលបានអាជ្ញាបណ្ណដើម្បីធ្វើការប្រតិបត្តិការធានារ៉ាប់រងជីវិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា

03/03/2017 dot  អាន 4 នាទី

AIA ទទួល​បាន​អាជ្ញាបណ្ណ​ដើម្បី​ធ្វើការ​ប្រតិបត្តិ​ការ​ធានារ៉ាប់រង​ជីវិត នៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ​មិនា ឆ្នាំ២០១៧ – អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បាន​ទទួល​អាជ្ញាបណ្ណអាជីវកម្ម​ធានារ៉ាប់រង ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ បច្ចុប្បន្ននេះ អេ អាយ អេ ខេមបូឌា រំពឹង​ថា​នឹង​ចាប់​ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួនក្នុង​ឆ្នាំ​នេះ ​នៅលើ​ទី​ផ្សារធានា​រ៉ាប់រង​ជីវិតកម្ពុជា​ដែលកំពុងតែ​មាន​សន្ទុះ​អភិវឌ្ឍន៍​យ៉ាង​លឿន។

អេ អាយ អេ ខេមបូឌា គឺ​ជា​ផ្នែក​មួយ​នៃក្រុមហ៊ុន AIA Group Limited ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៦ ទ្រព្យសរុបរបស់​ក្រុមហ៊ុន AIA មានទំហំប្រមាណ ១៨៥ពាន់លានដុល្លាអាមេរិក។ ដោយ​មាន​សាវតាក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិកជិត​មួយ​សតវត្សន៍​មកហើយ​នោះ ក្រុមហ៊ុន AIA Group Limited និង​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន (ជា​រួម​ហៅថា “AIA” ឬ “Group”) កំពុង​បម្រើម្ចាស់​បណ្ណ​សន្យា​ធានារ៉ាប់រង​ជីវិតច្រើន​ជាង ៣០លាន​បណ្ណ និង​សមាជិក​ទទួល​យក​អត្ថ​ប្រយោជន៍​ធានា​រ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​លើស​ពី ១៦លាន​នាក់​ទូទាំង​តំបន់​។

​អាជ្ញា​បណ្ណ​ដែល​ក្រុមហ៊ុន​បាន​ទទួល​ថ្មី​ៗនេះ អនុញ្ញាតិ​ឲ្យ​ AIA នាំ​យក​មក​នូវដំណោះ​ស្រាយ និង​សេវា​កម្ម​ថ្មី​ប្លែក ដើម្បី​បំពេញ​តម្រូវ​ការលើ​ការ​​ការពារ និង​ការ​សន្សំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​តែ​កើន​ឡើង។ AIA ប្តេជ្ញា​​ចូល​រួម​​លើក​កំពស់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជាឲ្យ​បាន​យូរ​អង្វែង​តទៅ។

លោក Richard Bates អគ្គ​នាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា​ បាន​មាន​ប្រសាសន៍ថា “​យើង​ខ្ញុំ​មាន​សេចក្តី​រំភើបរីករាយក្នុង​ការ​ទទួល​បានឳកាស​ឈាន​ជើង​ចូល​ក្នុង​ទី​ផ្សារដ៏​មាន​សន្ទុះ​យ៉ាង​ខ្លាំង​មួយនេះ ដែល​ក្នុង​នោះ​ការ​ធានា​រ៉ាប់រង​ជីវិតមាន​អត្រាជ្រាបចូល​ទី​ផ្សារ​​នៅ​ទាប​ជាង​ ១ភាគរយ​នៅ​ឡើយ​ក្នុង​ពេល​បច្ចុប្បន្ន។ អេ អាយ អេ ខេមបូឌា មានគោលបំណងផ្តល់ជូននូវភាពស្ងប់ចិត្តដល់ប្រជាពលរដ្ឋម្នាក់ៗ និងក្រុមគ្រួសាររបស់គាត់។ យើងខ្ញុំ​នឹងនាំយកអ្វីៗ​ដែល​ល្អបំផុតរបស់ AIA មកជូនកម្ពុជា ដើម្បីបំពេញតម្រូវការប្រជាជនកម្ពុជា និងបង្កើតឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរបស់ពួកគាត់៕

- ចប់ - 

អំពី AIA

AIA Group Limited និង​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន (ជារួម​ហៅ​ថា “AIA” ឬ “Group”) គឺ​ជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី។ ក្រុមហ៊ុន​នេះ មាន​វត្ត​មាន​នៅ​ក្នុង​ទីផ្សារចំនួន ១៨ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ក្នុង​នោះ​មានសាខា និង​បុត្រសម្ព័ន្ធដែល​ជា​កម្មសិទ្ធិទាំង​ស្រុង​ នៅ​​ហុងកុង ​ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ​ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រម​ទាំង​បុត្រ​សម្ព័ន្ធ​ដែល​ជា​កម្មសិទ្ធិ​ ៩៧ភាគរយនៅសិរីលង្កា ក្រុមហ៊ុន​សម្ព័ន្ធអាជីវកម្ម ៤៩ភាគរយ​នៅឥណ្ឌូនេស៊ី និង​ការិយាល័យ​តំណាង​នៅ​មីយ៉ាន់ម៉ា។

អាជីវកម្ម​ដែល​បាន​ក្លាយទៅ​ជា AIA នាពេល​បច្ចុប្បន្ន ត្រូវ​បាន​បង្កើតឡើង​ដំបូង​បំផុត​នៅ​ទីក្រុង​ស៊ាងហៃ តាំង​​ពីជិត​មួយ​សតវត្សន៍​មុន។ AIA គឺ​ជា​អ្នក​ដឹក​នាំ​ទី​ផ្សារ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក (លើក​លែង​ជប៉ុន) ដោយ​យោង​លើ​បុព្វលាភ​ធានារ៉ាប់​រង​ជីវិត និង​ជា​អ្នក​ឈាន​មុខ​គេ​នៅ​ក្នុង​ទីផ្សារ​ភាគ​ច្រើន​របស់​ខ្លួន។ AIA មាន​ទ្រព្យ​សរុប​ ១៨៥ ពាន់​លាន​ដុល្លា​អាមេរិក គិត​ត្រឹម​ថ្ងៃទី ៣០ ខែ​វិច្ឆិកា ឆ្នាំ២០១៦។

AIA បំពេញ​តម្រូវ​ការ​លើ​ការ​ការ​ពារ និង​ការ​សន្សំ​រយៈ​ពេល​វែង ដោយ​ផ្តល់​ជូន​នូវ​ដំណោះ​ស្រាយ និង​សេវា​កម្ម​ជា​ច្រើន ដែល​រួម​មាន​ការ​ធានារ៉ាប់​រង​ជីវិត គ្រោះ​ថ្នាក់ ការ​ធានារ៉ាប់​រង​សុខភាព និង​ផែន​ការ​សន្សំ​នានា។ AIA ក៏​ផ្តល់​ជូន​ផង​ដែរ​នូវ​អត្ថ​ប្រយោជន៍​សម្រាប់​និយោជិក ឥណ្ណទាន​ជីវិត និង​សេវា​និវត្តន៍​ជូន​ដល់​អតិថិជន​តាម​សាជីវកម្ម​នានា​។ តាម​រយៈ​បណ្តាញ​ដ៏​ធំ​នៃ​ភ្នាក់​ងារ ដៃ​គូ និង​បុគ្គលិក​ជា​ច្រើន​ទូទាំង​អាស៊ី​ប៉ាស៊ី​ហ្វិក AIA បម្រើ​ម្ចាស់​បណ្ណ​ធានា​រ៉ាប់​រងច្រើន​ជាង ៣០លាន​បណ្ណ និង​សមាជិក​ទទួល​យក​អត្ថ​ប្រយោជន៍ធានារ៉ាប់រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង ១៦លាន​នាក់។

AIA Group Limited បាន​ចុះ​ក្នុង​តារាង​ទីផ្សារ​មូលប័ត្រ The Stock Exchange of Hong Kong Limited ដោយ​មាន​លេខ​កូដ​ ​មូលប័ត្រ “១២៩៩” ជាមួយ​និង​ American Depositary Receipts (កម្រិត​១) ជួញដូរ​​នៅ​លើ​ទី​ផ្សាររំលង​បញ្ជ​ (អក្សរ​កាត់ “AAGIY”)៕

 

ទំនាក់ទំនង

ហាក់ បញ្ញារ័ត្ន ០១៦/០១៧ ៣៦៩ ១៥៥