សេចក្តីប្រកាសសារព័ត៌មាន

អេ អាយ អេ ខេមបូឌា និងមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម រួមគ្នាលើកកំពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់

22/10/2017 dot  អាន 5 នាទី

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៧ – រៀងរាល់ខែតុលា មាន​ព្រឹត្តិការណ៍ជាច្រើន​ទូទាំងពិភពលោក​ដើម្បីប្រារព្វ​ខែសម្រាប់​ការ​លើកកំពស់​ការយល់ដឹងអំពី​ជំងឺមហារីក ដែល​ជា​យុទ្ធនាការសុខភាព​ជាអន្តរជាតិ​ប្រចាំឆ្នាំ ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំពី​ជំងឺនេះ និង​ដើម្បីអង្គាសថវិកា​សម្រាប់​ការ​ស្រាវជ្រាវ ការ​បង្កា និង​ការ​ព្យាបាល។ នៅ​កម្ពុជា ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បាន​រៀបចំ​ព្រឹត្តិការណ៍ “Fit for Hope” ដើម្បីជួយគាំទ្រ​មន្ទីរ​ពេទ្យ​ព្រះ​សីហនុមណ្ឌល​នៃ​ក្តី​សង្ឃឹម (“SHCH”) ក្នុង​កិច្ចខំប្រឹងប្រែងរបស់ខ្លួន​លើ​ការ​លើក​កំពស់​ការយល់ដឹង និង​ព្យាបាលជំងឺមហារីកសុដន់។ SHCH ជាមន្ទីរ​ពេទ្យ​សប្បុរសធម៌មួយ មាន​កម្មវិធីជំងឺមហារីកសុដន់យូរជាងគេបំផុតនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ បានធ្វើឡើង​នៅ​ Central Park Sports Complex នៅ​ទីតាំងបឹងកក់ និង​បាន​បើកចូលរួម​ដោយ​សេរី ដោយ​មាន​ផ្តល់ជូន​នូវ​ការ​ពិនិត្យ និងការ​អប់រំអំពីជំងឺមហារីកសុដន់ ពី​អ្នកជំនាញ​មក​ពី ​មន្ទីរ​ពេទ្យ​ព្រះ​សីហនុមណ្ឌល​នៃ​ក្តី​សង្ឃឹម។ ព្រឹត្តិការណ៍ “Fit for Hope” បានទទួល​ការ​ចូលរួម​ពី​សាធារណៈជន​ប្រមាណ ១៥០០នាក់ ដែល​បានចូលរួម​រីករាយ​​ហាត់យោគៈ និង​រាំហ្សូមបា សកម្មភាព​កម្សាន្ត​បែប​ក្រុមគ្រួសារ និង​ម្ហូបអាហារសុខភាព​ជា​ច្រើន។ នៅ​ល្ងាច​នោះ​ផង​ដែរ ក៏​មាន​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ ដែល​មាន​ការ​សម្តែង​ដោយតារាចម្រៀង ពេជ្រ សោភា ទេព បូព្រឹក្ស ចិត្ត​ កញ្ចនា និងក្រុម SmallWorld SmallBand។

មហារីកសុដន់ គឺ​ជាជំងឺ​មហារីកដែល​មាន​កើត​​ឡើងច្រើន​បំផុត​ចំពោះ​ស្ត្រី​ទូទាំងពិភពលោក។ នៅ​កម្ពុជា អ្នក​កើត​ជំងឺ​នេះ​មាន​អត្រា​រស់រានមានជីវិត​ទាប ដោយ​សារ​តែ​កង្វះ​ការ​យល់​ដឹង​ និង​ព័ត៌មាន​អំពីការពិនិត្យ​ និង​ការធ្វើរោគវិនិច្ឆ័យតាំង​ពីដំណាក់​កាល​ដំបូង ព្រមទាំង​កង្វះការ​ព្យាបាលផងដែរ។ លោក​វេជ្ជបណ្ឌិត ព្រាប លៃ ប្រធាន​ផ្នែក​វះកាត់នៃ SHCH បាន​មាន​ប្រសាសន៍​ថា “អ្នក​ជំងឺ​ជា​ច្រើន​បាន​ឈាន​ដល់​ដំណាក់កាលធ្ងន់ធ្ងររួច​ទៅ​ហើយ​នៅ​ពេល​ដែលគាត់​មក​កាន់មន្ទីរពេទ្យ​យើង ដែលជាកត្តា​ធ្វើ​ឲ្យ​ការ​ព្យាបាល​​លំបាកនឹង​ទទួល​ជោគជ័យ។” ក្រុមវេជ្ជបណ្ឌិត និងក្រុមអ្នកជំនាញនៅ​ក្នុង​ព្រឹត្តិការណ៍ “Fit for Hope” បាន​ពិនិត្យរោគសញ្ញាជំងឺមហារីកជូន​ដល់​ស្ត្រីចំនួន ១៧៤នាក់ ដោយ​មាន​ផ្តល់​នូវការ​បង្ហាត់​បង្ហាញពួក​គាត់​ឲ្យ​ចេះពិនិត្យរោគសញ្ញា​​ដោយ​ខ្លួន​ឯង និងចេះកាត់​បន្ថយហានិភ័យពីជំងឺនេះ។ លោក​វេជ្ជបណ្ឌិត ព្រាប លៃ បាន​បន្តថា “ស្ត្រី​កម្ពុជាជាច្រើន នៅ​តែមាន​ការ​ស្ទាក់ស្ទើរក្នុង​ការពិភាក្សាអំពីក្តីបារម្ភ​ផ្នែក​សុខភាព​របស់​ខ្លួន មិនថា​ជាមួយក្រុម​គ្រួសាររបស់​គាត់ ឬ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ឡើយ។ យើងសង្ឃឹមថា ព្រឹត្តិការណ៍មួយនេះ​បាន​លើកទឹកចិត្តពួកគាត់​ឲ្យ​មាន​ភាព​ក្លាហាន ហើយ​ទទួល​បាន​នូវ​ចំណេះដឹង និង​ការ​គាំទ្រពី​គ្រួសារ​របស់​គាត់។”

ការចែក​រំលែក​ព័ត៌មាននៅ​ក្នុង​ព្រឹត្តិការណ៍​នេះ មានសារៈសំខាន់​យ៉ាងខ្លាំង។ ភ្នាក់ងារ​មិត្ត​អប់រំមិត្ត ប្រាំពីរនាក់ពីមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃ​ក្តី​សង្ឃឹម ដែល​ជា​អ្នក​ជាសះស្បើយ​ពី​ជំងឺ​មហារីកសុដន់ បាន​ចែក​រំលែក​បទពិសោធន៍​របស់​ខ្លួនចាប់តាំងពី​ឃើញរោគសញ្ញាដំបូង រហូត​ដល់​ពេល​វះកាត់ និង​ការ​ព្យាបាល​ជា​បន្តបន្ទាប់។ ម្នាក់​ក្នុង​ចំណោម​នោះ​ បាន​លើកឡើងថា “ប្រសិន​បើ​បទពិសោធន៍របស់​ខ្ញុំអាចជួយស្ត្រីម្នាក់​ទៀតឲ្យ​មាន​ភាពក្លាហាន​ក្នុង​ការ​ទទួល​យកការ​ពិនិត្យ​មហារីកសុដន់ ​ខ្ញុំ​រីករាយនឹង​ជួយគាត់។”

ព្រឹត្តិការណ៍ “Fit for Hope” បានទទួល​ការឧបត្ថម្ភគាំទ្រចំនួន US $១០០០០ សម្រាប់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ដែលថវិកាទាំងនេះនឹង​ប្រើប្រាស់សម្រាប់​កម្មវិធី​អប់រំ និង​ព្យាបាល​ជំងឺមហារីកសុដន់។ លោកវេជ្ជបណ្ឌិត ព្រាប លៃ មាន​ប្រសាសន៍ថា​ព្រឹត្តិការណ៍នេះ​ល្អលើស​ការ​រំពឹង​ទុក​របស់​គាត់។ “ជាមួយ​នឹង​ការ​ឧបត្ថម្ភគាំទ្រនេះ យើង​អាចជួយដល់ស្ត្រី ១០០០នាក់ ក្នុង​ការធ្វើរោគវិនិច្ឆ័យដោយ​ថតកាំរស្មីអ៊ិច/អេកូ ឬអាច​ផ្តល់ព័ត៌មាន​អប់រំអំពីមហារីកសុដន់ទៅកាន់ប្រជាពលរដ្ឋច្រើនជាង ៤០០ ០០០នាក់។” លោក​វេជ្ជបណ្ឌិត ក៏​មាន​សេចក្តី​រីករាយ ដែល​ក្រុម​ការ​ងារ​របស់​គាត់អាច​ជួយចែក​រំលែក​ការ​យល់​ដឹង​ដល់​ក្រុមគ្រួសារ​ជាច្រើន និងអាចជម្រាបប្រជាពលរដ្ឋទាំងឮក្មេង​ទាំង​ចាស់​អំពី​ជំងឺមហារីកសុដន់។ “ទាល់តែមាន​ការ​យល់ដឹង និង​ព័ត៌មាន​ច្រើន ទើបយើងអាច​កាត់​បន្ថយ​ចំនួនអ្នកកើតជំងឺនេះ និងបង្កើនអត្រាជោគជ័យនៃការព្យាបាលជំងឺនេះបាន។”

អេ អាយ អេ ខេមបូឌា កន្លងមក​បាន​ផ្តល់​ការ​ពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃដល់ប្រជាពលរដ្ឋប្រមាណ ២ ០០០នាក់។ លោក Richard Bates អគ្គនាយកក្រុមហ៊ុន​ អេ អាយ អេ ខេមបូឌា បាន​មាន​ប្រសាសន៍ថា “​នៅ​ពេល​ដែល​យើង​ឃើញមនុស្សរាប់រយ​អ្នកមកចូលរួម ខ្លះធ្វើដំណើរពីខេត្តមកតាំងពីយប់ ដើម្បីទទួល​បាន​ការពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ យើង​ដឹងថា​វាមាន​សារៈសំខាន់​ប៉ុណ្ណាសម្រាប់​យើង​ក្នុង​ការ​បន្ត​ផ្តល់​ការ​ជ្រោមជ្រែងដល់​អ្នក​ដែល​ត្រូវការ។ មន្ទីរពេទ្យ​ព្រះ​សីហនុមណ្ឌល​នៃ​ក្តី​សង្ឃឹម បាន​ដើរ​តួ​យ៉ាង​សំខាន់ក្នុង​ការ​អប់រំ​សហគមន៍ និងព្យាបាល​ជំងឺ​មហារីកសុដន់។ ដូច្នេះ​យើង​ចង់ចូលរួម​គាំទ្រ​កិច្ច​ខំប្រឹង​ប្រែង​របស់​មន្ទីរពេទ្យ​នេះ។

លោក​ Richard ក៏បាន​លើកឡើង​ពី​ផលប៉ះពាល់​នៃ​ជំងឺ​មហារីកទៅលើ​ក្រុម​គ្រួសារទាំងឡាយ ថា “មាន​គ្រួសារ​ជា​ច្រើន ដែល​បាន​រងឥទ្ធិពល​យ៉ាង​ដំណំពី​ជំងឺមហារីកសុដន់ ហើយ​ស្ត្រី​ក្នុង​គ្រួសារ​ទាំង​នោះ​ពុំ​បាន​ទទួល​ការ​ព្យាបាល​ពី​ដំណាក់​កាល​ដំបូង​ឡើយ។ ពី អេ អាយ អេ យើងចង់​ជួយស្ត្រីកម្ពុជា​ដោយ​ធានាថាពួក​គាត់ ព្រម​ទាំង​ក្រុមគ្រួសាររបស់​គាត់​ ទទួល​បាន​ការ​គាំទ្រផ្នែក​វេជ្ជសាស្ត្រ និង​ហិរញ្ញវត្ថុ ដែល​ពួក​គាត់​ត្រូវ​ការ​ដើម្បី​យក​ឈ្នះ​ជំងឺមហារីកសុដន់ និង​បន្តការ​រស់​នៅ​ដោយ​មាន​សុខភាព​ល្អ។”

លោក​វេជ្ជបណ្ឌិត ព្រាប លៃ បានមាន​ប្រសាសន៍ចុង​ក្រោយ​ថា “យើង​សូម​អរគុណអ្នក​ចូល​រួម​ទាំង​អស់ចំពោះការឧបត្ថម្ភគាំទ្រ សូម​អរគុណ​ អេ អាយ អេ សម្រាប់​ការ​លើកកំពស់បុព្វហេតុរបស់​យើង និង​សូម​អរគុណ​អ្នកទាំងឡាយ​ដែល​បានចំណាយពេលវេលា និងកម្លាំងជាច្រើន​ដើម្បីធ្វើឲ្យ​ព្រឹត្តិការណ៍​នេះ​ទទួលបាន​ជោគជ័យ។ 

អំពី អេ អាយ អេ ខេមបូឌា

 

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធដែល​ជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៨ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ១៨៥ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង ៣០​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​ ១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ដែល​ថ្មី​ប្លែក ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង។

 

អំពី មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម

 

មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម (“SHCH”) បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ១៩៩៦ ដោយ​មាន​បេសកកម្មផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស វេជ្ជសាស្រ្តដល់បុគ្គលិក និងគ្រូពេទ្យកម្ពុជា រួមជាមួយនឹងសេវាព្យាបាល២៤ម៉ោង ប្រកបដោយ គុណភាពខ្ពស់ដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ និងខ្វះខាតក្នុងប្រទេសកម្ពុជា។ SHCH បាន​ចូលរួមលើកកំពស់សុខភាពសម្រាប់​ប្រជាពលរដ្ឋកម្ពុជាដែលក្រីក្របំផុត​ ជម្រុញ​ជីវភាព​រស់នៅ ហ្វឹកហ្វឺន​ក្រុមការងារ​សុខាភិបាលជំនាញ និង​បង្ការ​ការរង់គ្រោះពីជំងឺ និងពីភាពលំបាកលំបិនផ្នែកសេដ្ឋកិច្ចនៃ​ជំងឺទាំងនោះ។ SHCH បានទទួលពិនិត្យជំងឺ និងពិគ្រោះយោបល់ច្រើនជាង ៣៩​ ០០០ នាក់ក្នុងមួយឆ្នាំៗ ហើយ​គិត​ត្រឹមខែ កក្កដា ឆ្នាំ២០១៧ SHCH បាន​ផ្តល់ជូនសេវាសុខាភិបាលជូន​ប្រជាពលរដ្ឋ​ច្រើន​ជាង ១,៣ លាននាក់​នៅ​កម្ពុជា។

SHCH បានដំណើរការកម្មវិធីជំងឺមហារីកសុដន់ (BCI) តាំងពីឆ្នាំ ២០០៨។ កម្មវិធីនេះគឺជាកម្មវិធីទទួលស្គាល់ជាអន្តរជាតិ ដែល​រួម​មានការបន្តលើកកម្ពស់នៃការយល់ដឹងអំពីជំងឺមហារីកសុដន់ ការស្រាវជ្រាវរកជំងឺមហារីកសុដន់អោយទាន់ពេល និងការព្យាបាលជំងឺមហារីកសុដន់។ នៅក្នុង​ឆ្នាំ ២០១៦ មិត្តអប់រំមិត្ត និង​គិលានុបដ្ឋាករបស់ SHCH បានផ្តល់​ការអប់រំអំពី​ជំងឺមហារីក​សុដន់​ទៅកាន់​ស្ត្រី​ជា ១០.០០០ នាក់ ដោយផ្សារភ្ជាប់ទំនាក់ទំនងរបស់ពួកគាត់ទៅកាន់ SHCH នៅ​ពេលដែល​ពួកគាត់ត្រូវការ។ មាន​ស្ត្រី ៧០៣ នាក់ ទទួល​បានការ​​ពិនិត្យស្រាវជ្រាវរកជំងឺមហារីក។ មាន​អ្នកជំងឺមហារីកសុដន់ស្រាប់ ៥៧៦ នាក់ បន្តទទួលការ​ព្យាបាល។ កម្មវិធី BCI ទទួល​បាន​ថវិកាភាគច្រើន​ពីក្រុមហ៊ុន AstraZeneca Pharmaceuticals និង អង្គការ AmeriCares។ ទោះជាទទួលបានថវិការពីក្រុមហ៊ុន និងអង្គការខាងលើក៏ដោយ SHCH នៅតែ​ត្រូវ​ការ​អ្នកឧបត្ថម្ភ និង​ការ​រៃអង្គាសថវិកាជារៀងរាល់ឆ្នាំ​ សម្រាប់​ការ​ទ្រទ្រង់កម្មវិធីនេះដើម្បីបន្តនិរន្តភាពសម្រាប់បម្រើប្រជាជនកម្ពុជា។

ទំនាក់ទំនងសារព័ត៌មាន

 

ហាក់ បញ្ញារ័ត្ន                                                                   

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ                                            

០១៦/០១៧ ៣៦៩ ១៥៥

Panharath.Hak@aia.com

 

សុខ ប៊ួយ

ប្រធានផ្នែកទំនាក់ទំនង និង​អភិវឌ្ឍន៍

០៩២ ៨៦៨ ៦៨១

sokbouy@sihosp.org