សេចក្តីប្រកាសសារព័ត៌មាន

AIA និង DAVID BECKHAM សម្ពោធជាផ្លូវការនូវយុទ្ធនាការ ‘WHAT’S YOUR WHY?'

15/09/2017 dot អាន 4 នាទី

លោក David Beckham ជា​ឯកអគ្គរដ្ឋទូតរបស់ AIA ដើម្បីលើកកំពស់ការយល់ដឹងលើការរសនៅដោយមានសុខភាពល្អ នៅក្នុងទ្វីបអាស៊ី

រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧ – ថ្ងៃនេះ ក្រុមហ៊ុន AIA Group Limited (“AIA” ឬ “ក្រុមហ៊ុន”) បាន​ប្រកាស​​ការ​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​ការ​ចាប់​ដៃ​គូ​របស់​ខ្លួន​ជាមួយនឹងលោក David Beckham ដោយរំលេចនូវយុទ្ធនាការ​ថ្មីដ៏ធំ​មួយ នៅ​ក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺយុទ្ធនាការ ‘What’s Your Why?’ ដែល​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្តេជ្ញា​របស់​ភាគី​ទាំង​ពីរ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ទាំង​ឡាយ​ឲ្យ​រស់​នៅ​បាន​កាន់តែ​យូរ​អង្វែង មាន​សុខភាពកាន់តែ​ល្អ និង​មាន​ជីវិត​រស់​នៅ​កាន់តែ​ប្រសើរ។ តាម​រយៈ​យុទ្ធនាការ​នេះ AIA សង្ឃឹម​ថា​នឹងអាច​​លើកទឹកចិត្តមនុស្ស​គ្រប់​រូប​ទូទាំង​តំបន់​នេះ ដោយ​រួម​មានប្រជាពលរដ្ឋ​កម្ពុជាផងដែរ ឲ្យ​ពិចារណា​អំពី​គោល​ដៅ​រយៈ​ពេល​វែង និង​តម្រូវ​ការ​របស់​ខ្លួន ដោយ​ផ្តោត​លើ​ការរស់នៅ​ដោយមានសុខភាព​ល្អ។

ជា​ផ្នែក​មួយ​នៃ​ការ​សម្ពោធ​នេះដែរ លោក David Beckham នឹងមាន​ដំណើរទេសចរណ៍សុខភាព AIA Healthy Living Tour ​ទៅ​កាន់ទីក្រុងហុងកុង ប្រទេសកូរ៉េ សិង្ហបុរី និង​ម៉ាឡេស៊ី នៅ​ក្នុងសប្តាហ៍ចាប់ពី​ថ្ងៃទី ១៨ ខែកញ្ញា​ នេះ។

យុទ្ធនាការ ‘What’s Your Why?’ មានបង្ហាញ​វីដេអូ​ថ្មី​មួយ ដែល​បាន​ដឹក​នាំ និង​ថត​ដោយ​ម្ចាស់​ពានរង្វាន់ Academy Award គឺ​លោក Wally Pfsiter នៅ​ទីក្រុង​បាងកក។ វីដេអូនេះ បង្ហាញ​អំពី​រឿង​រ៉ាវ និង​ការ​លើក​ទឹកចិត្ត​​ផ្ទាល់ខ្លួន​របស់អ្នក​ដែល​កំពុង​រស់​នៅ​ដោយ​មានសុខភាព​ល្អប្រសើរ ដែល​ក្នុង​នោះ​ក៏រួម​មាន​ហេតុផល​របស់​លោក David Beckham ផ្ទាល់ សម្រាប់​ការ​រស់​នៅ​ដោយមាន​សុខភាពល្អផងដែរ។

នាយក​ផ្នែក​ទីផ្សាររបស់​ AIA Group គឺលោក Stuart A. Spencer បាន​មាន​ប្រសាសន៍​ថា “​យើង​ពិត​ជា​រីករាយ​ណាស់ចំពោះ​ ​ការ​ចាប់ដៃគូជា​ផ្លូវ​ការ​ជាមួយ​លោក David Beckham តាម​រយៈដំណើរទេសចរណ៍​សុខភាព AIA Healthy Living Tour និង​យុទ្ធនាការ ‘What’s Your Why?’ ដែល​ចង្អុលបង្ហាញ​នូវ​ហេតុផល​ជាច្រើន​ ដែល​មនុស្សទូទៅ​ចង់​រស់​នៅ​ឲ្យ​មាន​សុខភាព​ល្អ។ យុទ្ធនាការ​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​យ៉ាង​មុតមាំ​របស់ AIA ក្នុង​ការ​ចាប់​ដៃ​គូ​ជាមួយ​នឹង​អតិថិជន​របស់​យើង​នៅ​ក្នុង​ទី​ផ្សារទាំង​ ១៨ ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក ដើម្បី​ជួយ​ពួក​គាត់​ឲ្យ​ឈាន​ទៅ​រក​ជីវិត​ដែល​មាន​សុខភាព​កាន់​តែប្រសើរ​។”​

លោក​ Eric Ho នាយកផ្នែក​ទីផ្សារ និងការ​វាយតម្លៃហានិភ័យធានារ៉ាប់រង របស់​ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បាន​បន្ថែម​ថា “​យើង​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​ទូទៅ​ឃើញ​ថា AIA គឺ​ជា​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​ជីវិតបែប​ថ្មី​មួយ។ យើង​មិន​គ្រាន់​តែ​ជា​ដៃ​គូ​របស់​ពួក​គាត់​នៅ​ពេល​មាន​ហេតុ​ការណ៍​អកុសល​នោះ​ឡើយ។ យើង​ថែម​ទាំង​ជា​ដៃគូ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ដើម្បី​​ទទួល​បាន​ការ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​ទៀតផង។ យុទ្ធនាការ ‘What’s Your Why?’​ របស់​យើងជាមួយ​លោក David Beckham ជួយឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ស្វែង​រក​ការលើក​ទឹក​ចិត្ត​របស់​ខ្លួន​ដើម្បីសុខភាព។ នៅ​ពេល​ដែល​ពួក​គាត់​មាន​ហេតុផលដើម្បី​សុខភាពល្អ​​ហើយនោះ AIA អាច​ជួយគាត់​លើ​មធ្យោបាយ​សម្រាប់​សុខភាព​ល្អ​នោះបាន។”​

លោក David Beckham ក៏​បាន​លើក​ឡើង​ថា “​ខ្ញុំ​សប្បាយ​រីករាយ​ដែល​បាន​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ ‘What’s Your Why?’។ ខ្ញុំ​សង្ឃឹម​ថា​ខ្លឹមសារ​នៃ​យុទ្ធនាការ​នេះ ស្របគ្នាជាមួយ​នឹង​ហេតុផលរបស់​មនុស្សទូទៅដែល​ព្យាយាម​ថែរក្សា​បែប​ផែន​រស់​នៅ​ដោយ​មាន​សុខភាព​ល្អ។ ខ្ញុំ​មាន​សំណាង​ ដែល​​អាជីព​របស់​ខ្ញុំ​បាន​អនុញ្ញាតឲ្យ​ខ្ញុំ​​រក្សា​ភាព​រឹងមាំ​បានល្អ។ មនុស្ស​​ទូទៅ​មានការ​រវល់​ខ្លាំង​ក្នុង​ជីវិត​រស់​នៅ​របស់​គេ។ ដូច្នេះ​ហើយ ខ្ញុំ​សង្ឃឹម​ថា​យើង​អាច​ជួយ​គ្រួសារ​ទាំង​ឡាយ​ឲ្យ​មាន​ភាព​សកម្ម និង​សុខភាព​ល្អ តាម​រយៈវិធីសាស្ត្រសាមញ្ញៗ។”

កាលពី​ខែ​មិនា ដើម​ឆ្នាំ​នេះ AIA បាន​ធ្វើកិច្ច​ព្រម​ព្រៀង​រយៈពេលវែងមួយ​ ជាមួយ​លោក David Beckham ដែល​តែង​តាំង​លោក​ជា​ឯកអគ្គរដ្ឋទូត​តំណាងក្រុមហ៊ុន។ តាម​រយៈ​តួ​នាទី​នេះ លោក David Beckham នឹង​មាន​វត្ត​មាន​នៅ​ក្នុង​សហគមន៍​សំខាន់​ៗ​មួយ​ចំនួន ព្រម​ទាំង​សកម្ម​ភាព​អាជីវកម្ម​នានារបស់ AIA ដើម្បី​តំណាង និង​បង្ហាញ​អំពី​អត្ថ​ប្រយោជន៍​ និងសារៈខាន់​ជាច្រើន​នៃ​ការ​ថែរក្សា​ការ​រស់​នៅ​ឲ្យ​មាន​សុខភាព​ល្អ។

អំពី អេ អាយ អេ ខេមបូឌា

 

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជាបុត្រ​សម្ព័ន្ធដែល​ជាកម្មសិទ្ធិទាំង​ស្រុង​របស់ AIA Group Limited (“AIA” or the “Group”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិត ចុះបញ្ជីជាសាធារណៈឯករាជ្យធំបំផុតប្រចាំតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេទីពីរនៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។

សម្ព័ន្ធ​ AIA មានវត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៨ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ ៩៧ ភាគរយនៅសិរីលង្កា ក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម ៤៩ ភាគរយនៅឥណ្ឌូនេស៊ី និងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ AIA គឺជាក្រុមហ៊ុន​នាំមុខទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងជាក្រុមហ៊ុន​ឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប ១៨៥ ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ តាម​រយៈ​បណ្តាញ​ដ៏ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់បណ្ណ​សន្យាធានារ៉ាប់រងច្រើន​ជាង ៣០​លាន​បណ្ណ និង​សមាជិកទទួល​អត្ថប្រយោជន៍​ធានារ៉ាប់​រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​ ១៦លាន​នាក់។

អេ អាយ អេ ខេមបូឌា ផ្តល់ជូន​នូវ​​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​ជីវិត​ដែល​ថ្មី​ប្លែក ដើម្បី​បំពេញ​តម្រូវ​ការ​លើ​ការ​ការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួម​លើក​កំពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជា​ឲ្យ​បាន​យូរ​អង្វែង។

 

ទំនាក់ទំនង​សារព័ត៌មាន៖

ហាក់ បញ្ញារ័ត្ន

ប្រធានផ្នែក​ទំនាក់ទំនង​សាធារណៈ        

អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.ក

០១៦ ៣៦៩ ១៥៥ / ០១៧​ ៣៦៩​ ១៥៥

Panharath.Hak@aia.com